សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

 សង្គម
 ១៦ ធ្នូ ២០២៤
 32

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សមិទ្ធផលថ្មីនេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅ។

ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និង ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និង មានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និង ពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ។

ជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ។

អត្ថបទដោយ៖ WIN WIN News Media