ភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
គួរបញ្ជាក់ថា ថ្នាលឌីជីថលនេះ នឹងជួយសម្រួលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានប្រាក់ចំណូលប្រចាំឆ្នាំក្រោម ២៥០ លានរៀល ក្នុងការចុះបញ្ជីអាជីវកម្មរបស់ខ្លួន ដោយឥតគិតថ្លៃ និង មិនមានកាតព្វកិច្ចបង់ពន្ធឡើយ។ នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខមាលភាពកាន់តែល្អប្រសើរ។
អត្ថប្រយោជន៍នៃថ្នាលឌីជីថល៖
•
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនចាំបាច់បង់ពន្ធ ឬ ថ្លៃសេវា សម្រាប់ការចុះបញ្ជីនោះទេ។
•
ការចុះឈ្មោះ អាចធ្វើឡើងបានយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធអនឡាញ។
•
ជួយសម្រួលដល់ការធ្វើអាជីវកម្ម និង លើកកម្ពស់ សេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើ សារៈសំខាន់ នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា។ សម្តេចធិបតី ក៏បានអំពាវនាវ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ឲ្យចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនេះ។