វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង» ពិតជាបានលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងប្រទេសចិន និងប្រទេសក្នុងតំបន់ កាន់តែល្អប្រសើរឡើង។
មានប្រសាសន៍ នៅក្នុងកម្មវិធី «សប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង» លើកទី៦ នារាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលព្រឹត្តិការណ៍សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ ធ្វើឡើង ក្រៅទឹកដី ខេត្តយូណាន នៃប្រទេសចិន ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និង ឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើឲ្យប្រសើរឡើងថែមទៀត នូវកិច្ចសន្ទនា រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។ លោកជំទាវ សង្ឃឹមថា សប្តាហ៍ភាពយន្តអន្តរជាតិមេគង្គ-ឡានឆាង លើកទី៦ ក្លាយជាវេទិកា នៃការចែករំលែកគំនិតច្នៃប្រឌិត មិត្តភាព សាមគ្គភាព ដើម្បីកសាងអនាគត និងជោគវាសនារួមគ្នា។
ក្នុងនាមក្រសួងវប្បធម៌ លោកជំទាវសូមគាំទ្រយ៉ាងមុតមាំចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្នា លើវិស័យវប្បធម៌រវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ស្របតាមគំនិតផ្តួចផ្តើ ម«ខ្សែក្រវាត់មួយ ផ្លូវមួយ» ពិសេស ការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកសាងសហគមន៍វាសនារួម។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជាបានមានប្រសាសន៍ផងដែរថា កិច្ចសហការក្នុងវិស័យភាពយន្ត រវាងប្រទេសចិន និងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ មានការវិវត្ត រីកចម្រើន និងបានបន្តពង្រឹង និងលើកម្ពស់កាន់តែប្រសើរឡើង តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន។ ជាពិសេស ក្នុងឆ្នាំ២០២៤នេះ ត្រូវបានកំណត់ថា ជាឆ្នាំផ្លាស់ប្តួរប្រជាជន និងប្រជាជន រវាងចិន និងអាស៊ាន និយាយជារួម និងនិយាយដោយឡែក ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងកម្ពុជានិងចិន។
កម្ពុជានិងចិនមានទំនាក់ទំនង ជាប្រពៃណី ដែលបានចាប់ផ្តើម រាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់ និង អស្ចារ្យផងដែរ។ នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឈានដល់កម្រិតដ៏សំខាន់មួយ គឺ «សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន»។ ក្រៅពីនេះ កម្ពុជានិងចិនក៏បានឈានដល់កម្រិតខ្ពស់មួយទៀត លើទំនាក់ទំនងនេះ នោះគឺ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ ទន្ទឹមនេះ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រទេសទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ក៏ត្រូវបានលើកកម្ពស់ ពិសេស ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
មន្ត្រីក្រសួងវប្បធម៌បានមានចំណាប់អារម្មណ៍គាំទ្រ និងសាទរចំពោះការរៀបចំកម្មវិធីនេះ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានមានប្រសាសន៍ថា «ជាលើកដំបូង ដែលរៀបចំក្រៅប្រទេសចិន មានន័យថា ជាចំណុចដ៏សំខាន់ និងឆន្ទៈដ៏មោមុត ក្នុងការរឹតចំណងសាមគ្គីភាព រវាងប្រទេសក្នុងអនុតំបន់មេគង្គ ឡានឆាង ឲ្យកាន់តែមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ស្របពេលដែលឆ្នាំនេះក៏ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។»
លោក Zhai Yu long តំណាងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡាន-ឡានឆាង-មេគង្គ និងជាប្រធានរដ្ឋបាលភាពយន្តខេត្ត យូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង លោក CHEN Cong អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនក៏បានអញ្ជើញថ្លែងសុន្ទរកថា ផងដែរ។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួម ពីគណៈប្រតិភូភាពយន្ត សិល្បករ សិល្បការនី ដែលអញ្ជើញមកពីប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕