សហភាពអឺរ៉ុបអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ” ក្រោមស្លាកធ្វើបរិវត្តកម្មបៃតង
ថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយសេចក្តីត្រៀមប្រកាសអំពីការកាត់ក្តីចុងក្រោយស្តីពីការស៊ើបអង្កេតចំពោះករណីប្រឆាំងឧបត្ថម្ភកធននៃរថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន ហើយគ្រោងនឹងយកពន្ធប្រឆាំងឧបត្ថម្ភកធនពី១៧ភាគរយដល់៣៦.៣ភាគរយចំពោះសហគ្រាសចិនដែលបាននាំចេញផលិតផលទៅអឺរ៉ុប ។ ករណីនេះបានផ្តួចផ្តើមឡើងដោយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ខណៈពេលថ្លែង “របាយការណ៍ការងារសហភាពអឺរ៉ុប”កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកលំហសម្រាប់ឱ្យឧស្សាហកម្មរថយន្តដើរដោយអគ្គិសនីរបស់សហភាពអឺរ៉ុបធ្វើបរិវត្តកម្មបៃតងនិងធ្វើការអភិវឌ្ឍ ។ សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះរឿងនេះ រដ្ឋសមាជិកសហភាពអឺរ៉ុបជាច្រើន អង្គការនិងសហគ្រាសឧស្សាហកម្មរថយន្ត ធនាគារគំនិត និងបញ្ញវន្តជាច្រើនបាននាំគ្នាបង្ហាញពីអាកប្បកិរិយា ដោយបានលើកឡើងថា ករណី“ប្រឆាំងឧបត្ថម្ភកធន” លើកនេះ គឺសហភាពអឺរ៉ុបអនុវត្តការគាំពារនិយម ជ្រកក្រោមស្លាក "សមភាពពាណិជ្ជកម្ម " ការជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុប មិនត្រូវខ្លាចការប្រកួតប្រជែងនោះឡើយ ។
តាមពិតទៅ នៅពីក្រោយនៃទង្វើនេះ គោលបំណងរបស់សហភាពអឺរ៉ុបគឺចង់ក្តាប់សិទ្ធិម្ចាស់ការក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជុំថ្មី និងការប្រកួតប្រជែងសកលដើម្បីសម្រេចបាននូវការធ្វើបរិវត្តកម្មបៃតង ។ ខណៈពេលសហភាពះអឺរ៉ុបបានរិះគន់យ៉ាងខ្លាំងក្លាចំពោះអាមេរិកដែលបានអនុវត្ត «ច្បាប់កាត់បន្ថយអតិផរណា»និងផ្តល់ឧបត្ថម្ភកធន តែសហភាពអឺរ៉ុបក៏បានបន្ថែមឧបត្ថម្ភកធនដល់ “ផលិតផលថ្មីទាំងបី ”របស់ខ្លួនផង ។ ជាពិសេស បន្ទាប់ពីគណៈកម្មាធិការសហភាពអឺរ៉ុបចេញផ្សាយ «គោលនយោបាយថ្មីអំពីការអភិវឌ្ឍបៃតងរបស់អឺរ៉ុប»កាលពីឆ្នាំ២០១៩ អឺរ៉ុបបានចាប់ផ្តើមផ្តោតសំខាន់ទៅលើការធ្វើបរិវត្តកម្មបៃតងផ្នែកថាមពល ហើយខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មី ដូចជា“ផលិតផលថ្មីទាំងបី ”ជាដើម ។តាមពិតទៅ គោលបំណងរបស់សហភាពអឺរ៉ុបដែលចង់ពន្លឿនការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មី ដូចជា“ផលិតផលថ្មីទាំងបី ”ជាដើម មិនត្រឹមតែដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពរបស់អង្គការសហប្រជាជាតិនោះទេ គឺឆ្លៀតឱកាសនេះ លើកកម្ពស់កម្លាំងប្រកួតប្រជែងសកលនៃវិស័យឧស្សាហកម្មរបស់សហភាពអឺរ៉ុប ដើម្បីស្វែងរកឋានៈឈានមុខលើពិភពលោក ព្រមទាំងអនុវត្តគោលនយោបាយផ្តល់ឧបត្ថម្ភកធនដល់មុខរបរយ៉ាងច្រើនសន្ធឹកផងដែរ ៕
អត្ថបទដោយ៖ WIN WIN News Media