លោក តេង ស៊ាវភីង និង ការកែទម្រង់ចិន
លោក តេង ស៊ាវភីង ជាបិតាកែទម្រង់សេដ្ឋកិច្ចរបស់ចិន ឱ្យងាកចេញពីសេដ្ឋកិច្ចផែនការមកកាន់សេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នាពេលបច្ចុប្បន្ននេះ។ ការតភ្ជាប់ពីអតីតកាលមកកាន់ពេលបច្ចុប្បន្នជាយុទ្ធសាស្រ្តយូរអង្វែង និង មាននិរន្តរភាពបំផុតសម្រាប់ការអភិវឌ្ឍប្រទេសចិន។ ក្រោយពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ លោក តេង ស៊ាវភីង ត្រូវបានតែងតាំងជាលេខាទី១ នៅភូមិភាគនិរតី នាឆ្នាំ១៩៤៩ ហើយត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៥២ និងមានភារកិច្ចសម្របសម្រួលកិច្ចការបក្សនិងរដ្ឋ។ រហូតដល់១៩៥៣ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហើយក៏ក្លាយជាអគ្គលេខាបក្ស និង ជាគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស នៅ១៩៥៦។
លោក តេង ស៊ាវភីវ យល់ថានយោបាយសេដ្ឋកិច្ចតាមបែបសមូហភាពមិនអាចជំរុញនូវកំណើនសេដ្ឋកិច្ចបានលឿនដូចសេដ្ឋកិច្ចមូលធននោះទេ។ ចំពោះវិស័យកសិកម្ម លោក តេង បានដាក់ចេញនូវគោលនយោបាយកសិកម្មបែបឯកជន ដើម្បីកាត់បន្ថយគ្រោះទុរភិក្សក្នុងប្រទេសចិន ហើយ សេដ្ឋកិច្ចរបស់ចិនបានចាប់ផ្តើមងើបឡើងមកវិញ តាំងពីពេលនោះមក។
ការបង្កើតឱ្យមានយន្តការទីផ្សារ និង ការបោះទុនវិយោគរបស់ប្រជាជនចិនជាលក្ខណៈឯកជន និង ឯកត្តបុគ្គល ព្រមទាំងការលើកទឹកចិត្តឱ្យមានការហូរចូលនូវវិនិយោគទុនបរទេស ជាយុទ្ធសាស្រ្តជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ។ ជាមួយគ្នានោះ ការកែទម្រង់របស់ លោក តេង ស៊ាវភីង បានឈានដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលមានអត្រាពន្ធទាបជាច្រើនកន្លែង នៅតាមតំបន់មាត់សមុទ្រដែលជាច្រកនៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ ដើម្បីបង្កើនផលិតភាពនៃកម្លាំងសេដ្ឋកិច្ច និង កំណើនរបស់ចិន វិស័យអប់រំត្រូវបានកែទម្រង់ដោយផ្អែកលើគុណភាពនៃអប់រំជាស្នូល ដែលបានធ្វើឱ្យមានការទាក់ទាញនូវវិនិយោគិនពីក្រៅប្រទេសមកកាន់តែច្រើន ដោយប្រទសចិនក្លាយជាប្រទេសដែលមានប្រាក់ឈ្នួលពលកម្មទាប និង ផលិតភាពរបស់កម្លាំងពលកម្មខ្ពស់ ។
ការកសាងសេដ្ឋកិច្ចចិនចេញពីវិស័យអប់រំ ដែលជាឧបករណ៍សម្រាប់ជំរុញផលិតភាពផលិតកម្មក្នុងស្រុក គួបផ្សំជាមួយលំហូរមូលធនវិនិយោគពីក្រៅប្រទេសតាមរយៈប្រព័ន្ធលើកទឹកចិត្តផ្នែកពន្ធ ក្នុងតំបន់សេដ្ឋកិច្ច ជារូបមន្តកំណើនមួយ ដែលប្រែក្លាយប្រទេសជាមហាយក្សសេដ្ឋកិច្ចពិភពលោក រហូតដល់សព្វថ្ងៃនេះ។
បច្ចុប្បន្ននេះ មហាជននៅទូទាំងសាកលលោកបានទទួលស្គាល់ លោក តេង ស៊ាវភីង ជាអ្នកដឹកនាំដ៏ឆ្នើមនិងមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់ ដែលលោកជាអ្នកជំនាញខាងយុទ្ធសាស្ត្រគ្រប់វិស័យ រួមមានវិស័យយោធា ការទូត និង សេដ្ឋកិច្ច ជាពិសេសគឺលោកគឺជា អគ្គមគ្គុទេសក៍របស់ប្រទេសចិន ដែលនាំទៅដល់ការរីកចម្រើននៃសង្គមនិយមចិនបែបទំនើប និង មានលក្ខណៈពិសេសចិន។
ទោះជាជីវិតរបស់បិតាកំណែទម្រង់ចិន លោក តេង ស៊ាវភីង បានលាចាកពីពិភពលោកក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក នៅឆ្លាក់ជាប់ក្នុងបេះដូងរបស់ប្រជាជនចិន និង ជាមាគ៌ាសម្រាប់ អ្នកដឹកនាំចិនជំនាន់ក្រោយៗ ព្រមទាំងជាមាគ៌ាសម្រាប់មេដឹកនាំនៃបណ្តាប្រទេសនានាលើសកលលោក យកគំរូតាមទំនើបកម្មនៃការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង បត់បែនតាមស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន រៀងៗខ្លួន។
ផ្តើមចេញពីគំនិតផ្តួចផ្តើមនៃការកែទម្រង់នេះ ប្រទេសចិនបានបន្តការកែទម្រង់សេដ្ឋកិច្ចបើកចំហ និង គ្រប់ជ្រុងជ្រោយជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ននេះ ការកែទម្រង់នៅតែរក្សាធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ប្រទេសចិនចាប់ផ្តើមជំរុញការកែទម្រង់ឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមទៀត តាមរយៈការធ្វើទំនើបកម្មតាមបែបផែនត្រឹមត្រូវរបស់ចិន ដែលត្រូវបានធ្វើឡើងប្រកបដោយភាពគ្រប់ជ្រុងជ្រោយ គឺបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយម ដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ច និងសមត្ថភាពអភិបាលកិច្ច។ ជាមួយគ្នានេះ ប្រទេសចិនបានដាក់គោលដៅដល់ឆ្នាំ ២០៣៥ នឹងកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ គ្រប់ជ្រុងជ្រោយ និង មានសុក្រឹតភាពបន្ថែមទៀត ដែលជាប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈចិននិងទំនើបបំផុត។
ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នេះ នឹងចាប់ផ្តើមចេញពីការអភិវឌ្ឍការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និង មូលធនមនុស្ស ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ និង ជាយុទ្ធសាស្ត្រសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ដែលមានលក្ខណៈពិសេសបំផុតលើពិភពលោក ហើយក៏ជាយន្តការបន្តវេនពីលោក តេង ស៊ាវភីង ដើម្បីអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនទាំងមូល កសាងនីតិរដ្ឋចិនប្រកបដោយកម្រិតកាន់តែខ្ពស់ ប្រកាន់ខ្ជាប់នូវការធានានិងកែលម្អជីវភាពរស់នៅដើម្បីជំរុញឱ្យមានភាពសម្បូរសប្បាយរួម និង សុខដុមរមនារបស់ប្រជាជនទាំងអស់។
ប្រជាជនចិន ក៏ដូចប្រជាជនពិភពលោក ចាត់ទុកថាគំនិតផ្តួចផ្តើម និង យុទ្ធសាស្រ្តរបស់លោក តេង ស៊ាវភីង នៅតែមានជីវិត និង អណ្តែតពេញពិភពលោកសម្រាប់ការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិ៕
ដោយ គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា។
អត្ថបទដោយ៖ WIN WIN News Media