ទិសដៅសេដ្ឋកិច្ចចិនឆ្នាំ២០២៥ បញ្ជូនសញ្ញាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក

 អន្តរជាតិ
 ១៥ ធ្នូ ២០២៤
 39
កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ជីនពីង បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិមនៃគណបក្សកុម្មុយនីស្តចិន ដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៥ ដែលក្នុងនោះអង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់លើគ្រប់វិស័យ ការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់  និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានភាពបុរេសកម្ម។ ទិសដៅសេដ្ឋកិច្ចទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិនក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំ២០២៥ ទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។  ការប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញការបង្កើតកម្លាំងផលិតថ្មីក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយផ្លែផ្កាដែលទទួលបានពីវិស័យទាំងនេះនឹងជះឥទ្ធិពលវិជ្ជមានដល់បណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបាននូវបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថលជាដើម។ តួយ៉ាង ប្រទេសចិនបានបង្កើតភាពជាដៃគូវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង ១៦០ ទូទាំងពិភពលោក ដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត ថាមពលស្អាត និងជីវវេជ្ជសាស្ត្រ។ កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ប្រទេសចិនបានបង្កើតក្រុមនៃមិត្តស្តីពី “កិច្ចសហប្រតិបត្តិការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត” ដើម្បីរួមគ្នាអនុវត្តផែនការសកម្មភាពក្នុងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសម្រាប់គោលបំណងល្អ និងសម្រាប់ទាំងអស់គ្នា សំដៅជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។  ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ ប្រទេសចិនបានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកជិត ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតួរលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីទំនាក់ទំនងវិជ្ជមានរវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកល ពោលគឺសន្ទុះនៃការអភិវឌ្ឍចិននឹងនាំទៅរកសន្ទុះនៃកំណើនសេដ្ឋកិច្ចសកល និងត្រឡប់មកវិញ។ ជាការពិតណាស់ វឌ្ឍនភាពរបស់ចិនបាននាំមកនូវកាលានុវត្តន៍អភិវឌ្ឍន៍ថ្មីៗ ជាជាងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក ដែលផ្ទុយទាំងស្រុងពីអ្វីដែលជនអគតិមួយចំនួនបានលើកឡើង។  មិនថាស្ថានភាពពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា ប្រទេសចិននៅតែដើរតួនាទីជាអ្នកគាំទ្រដ៏សកម្មដល់ប្រព័ន្ធពហុភាគីនិយម និងការបើកទូលាយសេដ្ឋកិច្ច តាមរយៈការរៀបចំនូវវេទិកា ពិព័រណ៍ និងសន្និសីទអន្តរជាតិនានាដូចជា (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៌នាំចូលអន្តរជាតិចិន (៣) ពិព័រណ៌នាំចូល-នាំចេញចិន (៤) ពិព័រណ៌ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវសម្រាប់អាស៊ី។ល។  កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនក៏ទើបតែបានរៀបចំដោយជោគជ័យនូវពិព័រណ៌នាំចូលអន្តរជាតិលើកទី៧ នៅទីក្រុងសៀងហៃ ជាមួយនឹងវត្តមានរបស់សហគ្រាសជាង ៣.៥០០ មកពី ១២០ ប្រទេស ចូលរួមដាក់បង្ហាញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់។ ទន្ទឹមនឹងនេះ ពិព័រណ៍អាស៊ាន-ចិនដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក៏បានក្លាយទៅជាយន្តការមួយដ៏សំខាន់សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងចិន ឆ្ពោះទៅរកការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការបើកចំហសេដ្ឋកិច្ចនឹងនាំមកនូវឱកាសមហាសាលដល់ប្រទេសនានា ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលមានប្រជាជនសរុបប្រមាណ ១,៤ ពាន់លាននាក់។ ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ។ ត្រូវបានប្រសិទ្ធនាមថាជារោងចក្រនៃពិភពលោក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីកតម្រូវការ និងពង្រឹងស្ថិរភាពទីផ្សារអចលនទ្រព្យក្នុងស្រុក តាមរយៈការអនុវត្តនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយបុរេសកម្ម នឹងជំរុញភាពរស់រវើកនៃសេដ្ឋកិច្ចចិន ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។ សរុបមកវិញ ទិសដៅសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ មិនត្រឹមតែផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍សម្រាប់ចិនក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពទេ ប៉ុន្តែថែមទាំងផ្តល់សញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសកល ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ និងការកើនឡើងនូវគោលនយោបាយគាំពារនិយម។    ដោយ ហ៊ូ ចំរើន  អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដោយ៖ WIN WIN News Media