“កិច្ចប្រជុំលើកនេះបានលើកឡើងយ៉ាងច្បាស់លាស់ថា នឹងរក្សាកំណើនសេដ្ឋកិច្ចចិនដោយនឹងនរ ហើយអ្វីដែលគួរឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺ អនុវត្តគោលនយោបាយម៉ាក្រូដែលកាន់តែវិជ្ជមាននិងពង្រីកតម្រូវការក្នុងស្រុក ។ នេះគឺមានសារសំខាន់ណាស់ចំពោះសហគ្រាសទុនបរទេសដែលធ្វើការវិនិយោគនៅប្រទេសចិន ។ ” អំពីកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបានបើកធ្វើពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែធ្នូនៅក្រុងប៉េកាំង លោក Tang Xiaodong អគ្គនាយកប្រចាំប្រទេសចិននៃក្រុមហ៊ុន Karchar របស់អាល្លឺម៉ង់បានបញ្ចេញមតិយោបល់របស់ខ្លួន ។
នៅឆ្នាំ២០២៤ដែលជិតនឹងកន្លងផុតទៅ សេដ្ឋកិច្ចសកលបន្តនិន្នាការកើនឡើងដោយកម្រិតទាប ស្ថានការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងក្លា ជាពិសេសគឺប្រទេសមួយចំនួនតូចលើកកម្ពស់លំដាប់ថ្នាក់នៃការពារនិយមខាងពាណិជ្ជកម្ម ប៉ះពាលដល់ពាណិជ្ជកម្មទូទាំងពិភពលោកនិងកំណើននៃការវិនិយោគ ។ ក្នុងពិភពលោកដែលមានភាពច្របូកច្របល់ សញ្ញាដែលកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនលើកនេះបានបញ្ចេញ បាននាំមកនូវភាពនឹងនរនិងភាពប្រាកដប្រជាដល់ពិភពលោកទាំងមូល។ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាសម្គាល់ឃើញថា នៅឆ្នាំ២០២៥ ចិននឹងទប់ទល់នឹងបញ្ហាប្រឈមខាងសេដ្ឋកិច្ចនិងរក្សាកំណើនសេដ្ឋកិច្ចដោយកាន់អាកប្បកិរិយាកាន់តែសកម្ម ដែលនឹងជះឥទ្ធិពលដ៏ជ្រាលជ្រៅនិងវែងឆ្ងាយចំពោះសេដ្ឋកិច្ចចិនរហូតដល់ទីផ្សារអន្តរជាតិ ។
ក្នុងសេដ្ឋកិច្ចពិភពលោកមានពាក្យដ៏សំខាន់មួយគឺ “ប៉ាន់ប្រមាណ” ។ និន្នាការគោលនយោបាយដែលមានភាពកាន់តែវិជ្ជមានគឺនាំមកនូវការប៉ាន់ប្រមាណវិជ្ជមាន ។កិច្ចប្រជុំលើកនេះបានគូសបញ្ជាក់ពី “ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុដែលកាន់តែវិជ្ជមាន”និង“គោលនយោបាយរូបិយវត្ថុដែលធូររលុងសមល្មម” ជាពិសេសគឺគោលនយោបាយរូបិយវត្ថុចិនបានលើកឡើងសារជាថ្មីនូវ “ធូររលុងសមល្មម”បន្ទាប់ពីរំលងអស់រយៈពេលជាង១០ឆ្នាំ ដែលនាំឱ្យទាំងក្នុងនិងក្រៅប្រទេសពិភាក្សាយ៉ាងក្ដៅគគុក ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជាទីភ្នាក់ងារសារព័ត៌មាន Reuters ជាដើមបានឃើញថា កិច្ចប្រជុំលើកនេះបានលើកឡើងពីវិធានការដូចជា ការលើកកម្ពស់អត្រាឱនភាពហិរញ្ញវត្ថុ ដាក់ចេញបន្ថែមនូវបំណុលជាតិពិសេសដែលមានរយៈពេលយូរនិងបំណុលពិសេសនិងការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចនិងកាត់បន្ថយអត្រាការប្រាក់ក្នុងពេលដ៏សមរម្យជាដើម ។ ប្រការទាំងនេះបានបង្កើននូវជំនឿចិត្តរបស់ភាគីនានានិងជំរុញឱ្យសេដ្ឋកិច្ចចិនបន្តងើបឡើងវិញទៅរកភាពល្អប្រសើរ ។
មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា ក្នុងចំណោមភារកិច្ចសំខាន់ៗក្នុង៩វិស័យដែលកិច្ចប្រជុំនឹងរៀបចំចាត់ចែងនៅឆ្នាំក្រោយ អ្វីដែលជាកិច្ចការចម្បងនោះគឺ ជំរុញការប្រើប្រាស់យ៉ាងពេញទំហឹង លើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគ និងពង្រីកតម្រូវការក្នុងស្រុកដោយគ្រប់ជ្រុងជ្រោយ ។ អ្នកវិភាគនៃក្រុមហ៊ុនអន្តរជាតិហូឡង់បានយល់ឃើញថាការអំពាវនាវឱ្យជំរុញការប្រើប្រាស់ដោយពេញទំហឹងរបស់ចិនគឺជា “សញ្ញាល្អ”មួយ ដែលនឹងលើកកម្ពស់ជំនឿចិត្តទីផ្សារ ។
“ការបើកទូលាយ”ជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ចិន ។ នៅឆ្នាំ២០២៤ ចិនបានលុបចោលដោយគ្រប់ជ្រុងជ្រោយនូវវិធានការរឹតបន្ដឹងការអនុញ្ញាតឱ្យទុនបរទេសចូលក្នុងវិស័យឧស្សាហកម្មកម្មន្តសាល បង្កើតប្រព័ន្ធគ្រប់គ្រងបញ្ជីអវិជ្ជមានចំពោះពាណិជ្ជកម្មសេវាកម្មឆ្លងដែនក្នុងក្របខ័ណ្ឌទូទាំងប្រទេសជាលើកដំបូង អនុញ្ញាតឱ្យបង្កើតមន្ទីរពេទ្យទុនបរទេសនៅតំបន់សាកល្បងចំនួន៩និងចាប់ដំណើរការពង្រីកតំបន់សាកល្បងបើកទូលាយចំពោះអន្តរជាតិនៃសេវាទូរគមនាគមន៍បន្ថែមតម្លៃនៅតំបន់ចំនួន៤ ។ល។ តើចំណុចសំខាន់នៃការបើកទូលាយរបស់ចិននៅឆ្នាំ២០២៥គឺអ្វី? គឺពង្រីកការបើកទូលាយដោយម្ចាស់ការនិងបើកទូលាយឯកតោភាគីប្រកបដោយរបៀបរៀបរយ ពង្រីកការបើកទូលាយជាប្រព័ន្ធច្បាប់ដោយនឹងនរ ពង្រីកកន្លែងសាកល្បងនៃការបើកទូលាយក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម និងជំរុញឱ្យការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់រីកចម្រើនកាន់តែស៊ីជម្រៅនិងរឹងមាំ ។ល។
សេដ្ឋកិច្ចចិនគឺជាមហាសាគរមួយ ដែលនឹងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ។ នៅឆ្នាំ២០២៥ ចិននឹងទទួលនូវឆ្នាំបិទបញ្ចប់គម្រោងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ។ នៅក្រោយពីអាកប្បកិរិយាអភិវឌ្ឍន៍ដែលកាន់តែសកម្ម ការប្តេជ្ញាចិត្តរបស់ចិនក្នុងការពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់គឺមិនកែប្រែជាដរាប ហើយគោលបំណងដែលស្វាគមន៍សហគ្រាសប្រទេសនានាចែករំលែកឱកាសអភិវឌ្ឍន៍ក៏មិនកែប្រែជាដរាបផងដែរ ៕