តារាម៉ូដែលស្រីស្អាតដ៏ល្បីឈ្មោះវៀតណាម គ្រងឈុតប្រពៃណីខ្មែរ ថតនៅមុខវាំង (វីដេអូ)
រាជធានីភ្នំពេញ ៖ ស្ងាត់ៗ ស្រាប់តែលេចវត្តមានតារាបង្ហាញម៉ូតដ៏ល្បីរបស់ប្រទេសវៀតណាម គឺកញ្ញា ង្វៀន ថុក ថុយទៀន (Nguyễn Thúc Thùy Tiên ) នៅរាជធានីភ្នំពេញ ដោយនាងបានគ្រងឈុតប្រពៃណីខ្មែរ តុបតែងកាយយ៉ាងស្រស់ស្អាត ឈរបង្អួតរាងនៅមុខព្រះបរមរាជវាំង។
ប្រាកដណាស់ កញ្ញា ង្វៀន ថុក ថុយទៀន (Nguyễn Thúc Thùy Tiên ) ដែលជាបរវកញ្ញា «Miss Grand International 2021» របស់វៀតណាម មិនមែនមកកម្សាន្តក្នុងនាមជាអ្នកទេសចរនោះទេ តែនាងថែមទាំងធ្វើសកម្មភាពមួយចំនួនសម្រាប់សហគមន៍ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាផងដែរ ដូចជា ៖ ការចុះចែកអំណោយ និងការចែករង្វាន់ផ្សេងៗ។ នេះបើតាមរូបភាពជាច្រើនដែលត្រូវបានបវរកញ្ញាវៀតណាម បង្ហោះ និងចែករំលែកនៅលើហ្វេសប៊ុកផេករបស់នាង ។
កញ្ញា ង្វៀន ថុក ថុយទៀន ដែលគ្រងឈុតប្រពៃណីខ្មែរនាពេលនេះ បានសរសេរសារនៅលើហ្វេសប៊ុករបស់នាង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះថា «លើកទី១ ហើយដែលខ្ញុំស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ»។
ជាមួយនឹងរូបភាព ព្រមទាំងសំណេររបស់នាង ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងខ្មែរ និងវៀតណាម ដោយខ្លះពោលថា «នាងស្អាតសមសួន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ»។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានបង្ហាញសម្រស់នៅខាងមុខព្រះបរមរាជវាំងរួចនោះ ស្រីស្រស់រូបនេះ ក៏បានចុះសួរសុខទុក្ខដល់ប្រជាជនវៀតណាម តាមរយៈសំណេររបស់កញ្ញា ដោយធ្វើការរៀបរាប់ថា «កញ្ញាបានជួបវៀតណាមរស់នៅស្រុកខ្មែរ និងផ្តល់ជាអំណោយដល់ពួកគាត់ខ្លះៗផងដែរ។ កញ្ញាពិតជាមានអារម្មណ៍ថា រំភើបរីករាយ ដែលបានជួបជនជាតិវៀតណាមរស់នៅប្រទេសកម្ពុជា»។
លើសពីនេះទៀត ស្រីស្រស់រូបនេះ ក៏បានជួយដល់កុមារមួយចំនួននៅសាលារៀន នៃខេត្តកណ្តាល ដើម្បីផ្តល់ជាអំណោយខ្លះៗ មុនពេលដែលកញ្ញាត្រឡាប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ។
គួររំលឹកថា កាលពីកន្លងទៅ ស្រីស្រស់ វៀន ធុកធុយទាន (Nguyễn Thúc Thùy Tiên) គឺជាបេក្ខជនប្រកួតបវរកញ្ញាដ៏លេចធ្លោម្នាក់ផងដែរនៅប្រទេសវៀតណាម ដោយកញ្ញាបានក្លាយជាបវរកញ្ញាតំណាងប្រទេសកាលពីពេលកន្លងទៅ នៅក្នុងកម្មវិធី «Miss Grand International 2021» នេះផងដែរ៕
អត្ថបទដោយ៖ WIN WIN News Media