វិស័យភាពយន្តចូលរួមជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

 កម្សាន្ត
 ២៦ វិច្ឆិកា ២០២៤
 22
មន្ត្រីជំនាញវប្បធម៌ជាន់ខ្ពស់ នៃក្រសួងវប្បធម៌កម្ពុជាបានថ្លែងចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តរវាងកម្ពុជានិងចិន រហូតមកដល់ពេលបច្ចុប្បន្ននេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញដំណើរកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រទេសទាំងពីរ។ ថ្លែងប្រាប់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងកម្មវិធីបើកមហាស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជា លើកទី៤ ឆ្នាំ២០២៤ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហាស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានលើកឡើងថា កម្ពុជានិងចិនបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរលើវិស័យភាពយន្ត។ ជាក់ស្តែង ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ ដែលបានប្រកាសបើក កាលពីដើមខែវិច្ឆិកា ហើយកំពុងនាំយកភាពយន្តដ៏ឆ្នើម ទៅចាក់បញ្ចាំងជូនប្រជាជនកម្ពុជា ទស្សនាដោយសេរី នៅតាមបណ្តាខេត្ត បង្ហាញពីការមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ របស់ប្រជាជនខ្មែរ ចំពោះប្រទេសចិន ដោយបានទាក់ទាញចំណាប់អារម្មណ៍ពួកគាត់ បន្តមកទស្សនាភាពយន្ត ទោះបីជានេះ គឺជាលើកទី៨ នៃដំណើរភាពយន្តចល័តកម្ពុជា-ចិន ក៏ដោយ។  «ភាពយន្តចិនបង្កប់អត្ថន័យល្អ ផ្តល់នូវចំណេះដឹងច្រើន សម្រាប់ប្រជាជនកម្ពុជា»។ លោកថា នៅមានកម្មវិធី ជាច្រើនទៀត ជុំវិញកិច្ចសហប្រតិបត្តិការ លើវិស័យនេះ ដូចជា សប្តាហ៍ភាពយន្តកម្ពុជា-ចិន ជាដើម។ លោកបានបន្តទៀតថា នៅខែធ្នូខាងមុខ ក៏នឹងមានកម្មវិធីផ្សេងទៀត ពង្រឹងលើវិស័យភាពយន្ត ក៏ដូចជា វប្បធម៌ រវាងកម្ពុជានិងចិន។  «ភាពយន្តពិតជាចូលរួម ក្នុងការកសាងសហគមន៍ ជោគវាសនារួម កម្ពុជានិងចិន»។ ជុំវិញមហាស្រពមហាស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ត្រូវបានលោកលោក ប៉ុក បូរក្ស លើកឡើងថា ជាវេទិកាដ៏សំខាន់ លើកទឹកចិត្តដល់យុវជនដែលស្រលាញ់វិស័យភាពយន្ត ចូលរួមពង្រឹងជំនាញនេះ តាមរយៈការផលិតភាពយន្តខ្លីៗ យកមកប្រកួតប្រជែង ហើយជាស្ពានចម្លងមួយ នាំឲ្យពួកគេក្លាយជាផលិតករភាពយន្តខ្នាតធំ នាពេលអនាគត។ លោកបន្តថា បន្ទាប់ពីរៀបចំពិធីបើកជាផ្លូវការ ភាពយន្តរបស់បេក្ខជនចូលរួមប្រកួត នឹងត្រូវចាក់បញ្ចាំង ជូនទស្សនិកជនទស្សនា នៅតាមបណ្តារោងភាពយន្ត ហើយអ្នកទស្សនា ក៏អាចចូលរួមបោះឆ្នោតផងដែរ ក្រៅពីមានការផ្តល់ពិន្ទុដ៏សុក្រឹត ពីសំណាក់គណៈមេប្រយោគ ដែលមានជំនាញច្បាស់លាស់ និងមានគ្រប់ជំនាន់។ ម្ចាស់ជ័យលាភីនឹងទួលបានប្រាក់រង្វាន់ និងបទពិសោធន៍ដ៏ច្រើន ក្នុងជំនាញផលិតភាពយន្តនេះ៕

អត្ថបទដោយ៖ WIN WIN News Media