ស្រីស្អាត ឌី យ៉ានុត ធីតាឯកសង្ក្រាន្ត នឹងលេចវត្តមានសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូង
រាជធានីភ្នំពេញ ៖ ស្រីស្អាត ឌី យ៉ានុត នឹងលេចវត្តមាននៅក្នុងខ្សែភាពយន្តជាលើកដំបូង ក្នុងអាជីពសិល្បៈ បន្ទាន់ពីកញ្ញាបានគ្រងមកុដជាធីតាឯកសង្ក្រាន្តឆ្នាំថ្មី ដែលបិទបញ្ចប់ការប្រកួតកាលពីពេលថ្មីៗនេះ ខណៈពេលដែលនាងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការងារលើវិថីសិល្បៈចាប់ពីពេលនេះតទៅ ។
យ៉ាងណា ស្រីស្រស់រូបនេះ នៅមិនទាន់អាចបង្ហើបពីខ្សែភាពយន្តរឿងអ្វីដែលនាងចាប់ផ្តើមសម្តែងជាលើកដំបូងនេះឡើយ ដោយនាងគ្រាន់តែបង្ហើបខ្លីថា «ខ្សែភាពយន្តនោះ គ្រងនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នាពេលឆាប់ៗខាងមុខនេះ»។
ស្រីស្អាត ឌី យ៉ានុត បានអះអាងប្រាប់កោះសន្តិភាពថា «បន្ទាប់ពីនាងទទួលបានតំណែងជាធីតាឯកសង្ក្រាន្តនេះរួចមក នាងក៏ទទួលបានការអញ្ជើញពីផលិតករមួយចំនួនឱ្យចូលរួមសម្តែងខ្សែភាពយន្ត ហើយនាងក៏សម្រេចទទួលយកការថតនេះជាបន្តបន្ទាប់ផងដែរ»។
នាងបញ្ជាក់ថា «សម្រាប់អាជីពសម្តែងនេះ នាងជឿជាក់លើខ្លួនឯងអាចធ្វើបាន ទោះបីជានាងមិនទាន់អាចធ្វើល្អ១០០% ក៏ដោយ ប៉ុន្តែនាងនឹងព្យាយាមឱ្យល្អបំផុត ដោយសារនាងពិតជាចូលចិត្តលើវិស័យសិល្បៈ ជាពិសេសអ្នកគឺចូលចិត្តភាពយន្ត និងសិល្បៈបែបបុរាណៗតែម្ដង» ។
យ៉ាងណាម៉ិញ បើតាមស្រីស្អាត ឌី យ៉ានុត បញ្ជាក់ទៀតថា «បើទោះបីជាពេលនេះ នាងទទួលថតភាពយន្តនេះក៏ដោយ ប៉ុន្តែសម្រាប់ឈុតឱបថើបខ្លាំង គឺនាងមិនអាចទាន់គិត ឬហ៊ានថតនៅឡើយទេ ដោយសារបច្ចុប្បន្ន នាងមានឈ្មោះជា ធីតាសង្ក្រាន្តគឺជាទេវតាដែលជានារីរម្យទម ដូច្នេះនាងមិនអាចថតឈុតបែបនេះឡើយ»។
ដោយឡែក ពាក់ព័ន្ធនឹងការចូលរួមការប្រឡងកម្មវិធី «ធីតាឯកសង្ក្រាន្ត» នាពេលនេះ ស្រីស្អាត ឌី យ៉ានុត បានលើកឡើងថា «ដោយសារតែនាងស្រឡាញ់កម្មវិធីមួយនេះខ្លាំង ព្រោះជាកម្មវិធីបុរាណដែលបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយនាងក៏ជាមនុស្សម្នាក់ដែលមានចិត្តស្រឡាញ់ទៅលើផ្នែកនេះ ខណៈពេលដែលបច្ចុប្បន្ន នាងកំពុងតែសិក្សាមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះផងដែរ»។
នាងបញ្ជាក់ថា «សម្រាប់ការចូលរួមប្រឡងកម្មវិធីខាងលើនេះដែរ គឺនាងក៏មានបំណងចង់បញ្ចេញសមត្ថភាព និងចង់បង្ហាញឱ្យបរទេសបានដឹងថា ខ្មែរក៏មាននារីស្រស់ស្អាត មានសមត្ថភាព ចំណេះដឹង និងប្រាជ្ញាថែមទៀតផង»។
នាងបន្ថែមថា «ការដាក់ពាក្យប្រឡងកម្មវិធីខាងលើនេះទៀតសោត គឺនាងក៏បានដាក់ក្តីសង្ឃឹមច្រើនសម្រាប់ទទួលបានជោគជ័យ ដោយសារបានត្រៀមខ្លួនរួចជាស្រេច ហើយកន្លងមក នាងផ្ទាល់ក៏ធ្លាប់ចូលរួមសម្តែងការថតម៉ូដ និងសម្អាងការ ហើយនាងក៏ធ្លាប់ចូលរួមការងារសង្គមមួយចំនួនដូចជា កម្មវិធីរាត្រីចងចាំជាដើម»។
ជាការកត់សម្គាល់ បន្ទាប់ពីក្លាយជាម្ចាស់មកុដធីតាឯកសង្ក្រាន្តភ្លាម ស្រីស្អាត ឌី យ៉ានុត បានសម្តែងនូវមោទនភាពបំផុតសម្រាប់ការតំណាងឱ្យខេត្តសៀមរាប ដែលជាទឹកដីកំណើត ហើយបានជាប់ជាជ័យលាភី «ធីតាឯកសង្ក្រាន្ត» រដូវកាលទី៥ និងដើរជាតួទេវតា ឈ្មោះ «មហោទរាទេវី » ខណៈពេលនាងក៏បានអរគុណដល់កម្មវិធី «ធីតាឯកសង្ក្រាន្ត» និងក្រុមការងារដែលផ្តល់ឱកាសឱ្យរូបនាងបញ្ចេញសមត្ថភាព ហើយនាងនឹងប្រើតំណែងមួយនេះឱ្យមានតម្លៃបំផុត» ៕
អត្ថបទដោយ៖ WIN WIN News Media