ភ្ញាក់ផ្អើល​! រតនៈ ពិសី ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​តុលា​ការ​​លើ​ពាក្យបណ្តឹង​មួយ ខណៈ​នាង​ថា កំពុង ដោះ​ស្រាយ​តាម​ផ្លូវច្បាប់

 កម្សាន្ត
 ០៤ កុម្ភៈ ២០២៤
 191

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​ប្រភព​មួយ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ពាក់ព័ន្ធ​ទៅ​នឹង​តារាចម្រៀង​នាង រតនៈ ពិសី ត្រូវ​បាន​គេ​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ពាក្យបណ្តឹង​ថា «​រំ​លោ​.​ភ​សេចក្តី​ទុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​។

យោង​តាម​ប្រភព​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា «San Prum» បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា «​នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​បញ្ជូន​ខ្លួន​តារាចម្រៀង និង​សម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅ​​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​សាកសួរ ក្រោយ​ពេល​ចាប់ខ្លួន​ពី​បទ រំ​លោ​.​ភលើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​។

គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បញ្ជាក់​ថា «​ការ​ឃាត់ និង​បញ្ជូន​ខ្លួន​តារា​សម្តែង កែវ ពិសី គឺ​ធ្វើ​ឡើង​ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ផា​ន់ សុរិយា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដោយ​បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ កែវ ពិសី ពី​បទ «​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​» ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាល​កំឡុង​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣»​។

គួរ​រំលឹក​ថា តារា​សម្តែង កែវ ពិសី សមត្ថកិច្ច​ធ្លាប់​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ជុំវិញ​ករណី​ចេញ​សែក​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​) តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ចូល​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា និង​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ តារាចម្រៀង​នាង រតនៈ ពិសី មិន​បាន​ធ្វើការ​អធិប្បាយ​អ្វី​ច្រើន​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ឡើយ ដោយ​នាង​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច ដោយ​ខ្លី​ថា «​នាង​កំពុង​តែ​ដោះស្រាយ​តាម​ផ្លូវច្បាប់​» ។

នាង​បញ្ជាក់​ថា «​ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ នាង​មិន​អាច​បកស្រាយ​អ្វី​ឱ្យ​បាន​ច្រើន​នា​ពេល​នេះ​ឡើយ ដោយសារ​អំឡុង​ពេល​នេះ នាង​មិន​អាច​ប្រើ​ទូរស័ព្ទ​ដៃ​បាន​ទេ​»​។

ជា​ការ​កត់សម្គាល់ កាលពី​កន្លង​មក តារាចម្រៀង​នាង រតនៈ ពិសី ក៏​ធ្លាប់​ផ្ទុះ​រឿង​ត្រូវ​គេ​ប្តឹង​ដូច​គ្នា​នេះ​ដែរ ហើយ​នាង​ក៏​បាន​លើក​ឡើង​បញ្ជាក់​ថា «​បញ្ហា​បំណុល​ទាំង​អស់នេះ គឺ​នាង​នឹង​ប្រឈម​មុខ​ដោះស្រាយ ពោល​គឺ​មិន​គេចវេស​នោះ​ទេ ប៉ុន្តែ​នាង​ទទូច និង​អង្វរ​ដល់​ម្ចាស់បំណុល មេត្តា​ទុក​ពេលវេលា​ដល់​រូប​នាង នៅ​ក្នុង​ការ​រក​ប្រាក់​សង ព្រោះតែ​រូប​នាង​ក៏​ចាញ់​បោ​.​ក​គេ​ដូច​ៗ​គ្នា ហើយ​ក៏​កំពុង​ដាក់​ពាក្យ​ប្ដឹង កោះហៅ​អ្នក​ជំពាក់​មក​ចូលខ្លួន​ដោះស្រាយ នៅ​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ​កំពុង​តែ​រត់គេច​ខ្លួន​អស់​»៕

អត្ថបទដោយ៖ WIN WIN News Media