បន្លែបីមុខនេះសម្បូរជាតិដែក រាងកាយយើងត្រូវការ
បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និងប៉េងប៉ោះជាដើម។ ក្នុងនោះស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ មានជាតិដែកខ្ពស់ដែលយើងមិនគួរមើលរំលង។ ហេតុអ្វី?
រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់ យើងត្រូវញុំាអាហារសម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមានពីរគឺសាច់សត្វនិងរុក្ខជាតិដែលជាបន្លែនិងផ្លែឈើក្រៀម។
១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ
ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះជាដើមក្នុងពេលដំណាលគ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេងទៀត។ ឧទាហរណ៍ថា ក្រោយញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាមក្រោយ។
២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ
ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយយើងអាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។
ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន C ជួយឱ្យយើងឆាប់ឆ្អែតនិងឆ្អែតបានយូរ។ ក្នុងដំឡូងបារំាង៨៩ ក្រាមមានផ្ទុកជាតិដែក ០,៦ មិល្លីក្រាមនិងវីតាមីន C ១៤,៨ មិល្លីក្រាម។ ដំឡូងបារំាងសម្បូរជាតិម្សៅស័ក្តិសមយកទៅស្ងោរ រម្ងាស់ស៊ុប ឆាឬធ្វើដំឡូងបំពង។ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ជាពិសេសផ្ទុកជាតិដែកនិងវីតាមីន C ខ្ពស់។ ផ្កាខាត់ណាខៀវ៨៩ ក្រាមមានផ្ទុកជាតិដែក ០,៧ មិល្លីក្រាមនិងវីតាមីន C ៨១,២ មិល្លីក្រាម។
បន្លែសម្បូរជាតិដែកបីមុខនេះមានផ្ទុកវីតាមីន C ខ្ពស់ស្រាប់ ដូចនេះការញុំាបន្លែទាំងនេះជួយឱ្យរាងកាយយើងស្រូបយកជាតិដែកបានល្អដោយមិនចាំបាច់ញុំាជាមួយអាហារសម្បូរវីតាមីន C ផ្សេងទៀតក៏បាន។ ជាងនេះទៅទៀត បន្លែបីប្រភេទនេះមានផ្ទុកប៉ូតាស្យូមច្រើន ជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងផងដែរ។ មួយវិញទៀត ស្ពៃក្តោបនិង ផ្កាខាត់ណាខៀវសម្បូរទៅដោយកាកសរសៃ វីតាមីន B9 វីតាមីន K និងកាល់ស្យូមខ្ពស់ ជួយឱ្យឆ្អឹងរឹងមាំ កាត់បន្ថយហានិភ័យកើតជំងឺមហារីកនិងពិការភាពពីកំណើតលើគភ៌ផងដែរ។
ប្រភព៖ Hello គ្រូពេទ្យអត្ថបទដោយ៖ WIN WIN News Media