បារម្ភរឿងលើសកូលេស្តេរ៉ូល! ដាក់អាហារទាំងនេះក្នុង របបអាហារ
ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ អាចធ្វើឲ្យសុខភាពរបស់យើងជួបប្រទះជំងឺដូចជា លើសឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងមានជំងឺជាច្រើនទៀត។ កត្ដាចម្បង ឈានដល់ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាម គឺដោយសារមិនបានគ្រប់គ្រងរបបអាហារបានល្អ ពោលការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ និងមិនសូវបញ្ចេញសកម្មភាពរាងកាយ។ ប៉ុន្ដែមិនជាថ្វីនោះទេ យើងអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបាន ដោយប្រើវិធីសាស្ដ្រធម្មជាតិ មួយចំនួន។
១. សារធាតុ Phytosterols
Phytosterols ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងរុក្ខជាតិ។ វាមានតួនាទីជួយកាត់បន្ថយការស្រូបយកសាធាតុខា្លញ់អាក្រក់ពីរបបអាហារ។ តាមការបង្ហាញ របស់មន្ទីរពេទ្យ Cleveland បញ្ជាក់ថា ញ៉ាំអាហារដែលមានផ្ទុកសារធាតុ Phytosterols ជាប្រចាំអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាម បានរហូតដល់ទៅ១៤%។ ដូច្នេះការបង្កើតទម្លាប់ញ៉ាំអាហារ ដែលផ្ទុកសារធាតុ Phytosterols ជាវីធីសាស្ដ្រធម្មជាតិ ជួយបញ្ចុះកូលេស្ដេរ៉ូល ក្នុងឈាមបានល្អ។ យើងអាចទទួលបានសារធាតុចិញ្ចឹមប្រភេទនេះពី ពពួកបន្លែស្ពៃ ពពួកខាត់ណា ខ្ទឹមក្រហម ខ្លឺបារាំង គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។
២. ជាតិសរសៃរលាយ
យើងក៏បានដឹងច្បាស់ហើយ អំពីគុណប្រយោជន៍នៃ សារធាតុសរសៃដែលមាននៅក្នុងបន្លែ ផ្លែឈើ ដែលមានមុខងារជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អ។ ពិសេសទៀតនោះ គឺពពួកអាហារដែលមានជាតិសរសៃរលាយមានប្រសិទ្ធភាពជួយដល់បេះដូង និងចរន្ដឈាម ព្រោះមានសារធាតុសំខាន់ម្យ៉ាងឈ្មោះថា Beta-glucan ដែលមានប្រសិទ្ធភាពក្នុងការបញ្ចុះកូលេស្តេរ៉ូលបាន។ យើងអាចញ៉ាំអាហារដែលមានជាតិសរសៃដូចជា ស្ពៃបៃតង ផ្លែប៉ោម ប៊ឺ ទំពាំងបាយជូរ ចេក ល្ហុង ល្ពៅ ការ៉ុត សុទ្ធសឹងជាប្រភេទអាហារសរសៃដែលងាយនឹងរលាយ។
៣.សារធាតុខ្លាញ់
សារធាតុខ្លាញ់នៅពេលនេះសម្ដៅទៅដល់ប្រភេទខ្លាញ់សុខភាព ឬហៅម្យ៉ាងទៀតថា ខ្លាញ់មិនឆ្អែត។ ខ្លាញ់មិនឆ្អែតមាននៅក្នុងផ្លែប៊ឺ ប្រេងអូលីវ សណ្តែកដី ប្រេងផ្កាឈូករ័ត្ន ពោត ត្រីសាលម៉ុន និងត្រីទឹកសាបជាដើម។ ការបង្កើតទម្លាប់ញ៉ាំអាហារដែលសម្បូរទៅដោយប្រភេទខ្លាញ់មិនឆ្អែត ហើយកាត់បន្ថយប្រភេទអាហារដែលមានកម្រិតជាតិខ្លាញ់ឆ្អែត គឺជាសញ្ញាមួយបង្ហាញថា កម្រិតកូលេស្ដេរ៉ូលនឹងថយចុះ។ ប្រភពខ្លាញ់ឆ្អែតមានក្នុងអាហារ ដូចជា អាហាររសជាតិផ្អែម នំធ្វើពីម្សៅ អាហារចៀនដោយខ្លាញ់ សាច់ក្រហម សាច់កែច្នៃ សាច់ជាប់ខ្លាញ់ ប្រេងដូង និងទឹកដោះគោមានខ្លាញ់ជាដើម។ គួរកាត់បន្ថយរបបអាហារទាំងនេះ ដើម្បីកាត់បន្ថយការកើនឡើង កូលេស្ដេរ៉ូលក្នុងឈាម។
អត្ថបទដោយ៖ WIN WIN News Media