ស្ងាត់ៗ! ស្រីស្អាត ភិន សុដាលីស ភ្ជាប់ពាក្យជាមួយបុរសសង្ហាវ័យក្មេង១រូប តើជានរណា?
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេឃើញរូបភាពជាច្រើនសន្លឹក ត្រូវបានគេបង្ហោះដោយបង្ហាញពីពិធីភ្ជាប់ពាក្យរបស់តារាសម្តែងនាង ភិន សុដាលីស ជាមួយបុរសវ័យក្មេងសង្ហាមួយរូប ។ ពិធីភ្ជាប់ពាក្យរបស់តារាសម្តែងស្រីរូបនេះ បានធ្វើឡើងយ៉ាងឱឡារឹកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឪពុកម្តាយទាំងសងខាង សាច់ញាតិ ព្រមទាំងមានអ្នកសិល្បៈមួយចំនួនបានចូលរួមផងដែរ ។
អនាគតស្វាមីរបស់ស្រីស្អាត ភិន សុដាលីស មានឈ្មោះថា «ហ៊ីន លាងហេង» ដែលជាបុរសវ័យក្មេងស្រស់សង្ហាមួយរូប មិនស្ថិតក្នុងចង្កោមសិល្បៈនោះឡើយ ។ យ៉ាងណា គេនៅមិនទាន់ដឹងទេថា ក្រោយពីរៀបចំពិធីភ្ជាប់ពាក្យនាពេលនេះហើយ ពិធីមង្គលការរបស់ស្រីស្អាត ភិន សុដាលីស នឹងរៀបចំនៅពេលណាឡើយ ប៉ុន្តែគេរំពឹងថា ពិធីចូលរោងជ័យរបស់តារាសម្តែងមេម៉ាយកូន១រូបនេះ អាចនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។
ទោះបីជាយ៉ាងណា មហាជន ជាពិសេសបណ្តាអ្នកគាំទ្រស្រីស្អាត ភិន សុដាលីស បានចូលរួមសម្តែងការអបអរសាទរ និងជូនពរដល់រូបនាងជួបសុភមង្គល ក្នុងពេលដែលនាងបានស្វែងរកដៃគូរជីវិតដែលអាចស្អំបេះដូងនាងជាថ្មី ។ ពិធីភ្ជាប់ពាក្យរបស់ស្រីស្អាត ភិន សុដាលីស នាពេលនេះ ក៏ជាការបញ្ចប់ពាក្យរស់មានឈ្មោះជាស្ត្រីមេម៉ាយ ក្រោយបែកបាក់ស្វាមីដែលគេស្គាល់ថា គឺជាតារាសម្តែង និងពិធីករល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង ខណៈពេលចំណងស្នេហារបស់ពួកគេទទួលបានកូនស្រីម្នាក់។
ជាការកត់សម្គាល់ មុនរៀបចំពិធីភ្ជាប់ពាក្យនេះឡើង កន្លងមកតារាសម្តែង នាង ភិន សុដាលី ក៏ធ្លាប់បញ្ចេញរូបភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគូរស្នេហ៍នៅលើបណ្តាញសង្គមផងដែរ ។ ជាក់ស្តែងតារាស្រីសាច់សខ្ចីរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយបុរសជាគូរស្នេហ៍នៅក្នុងអាងហែលទឹកនាទីកន្លែងកម្សាន្តមួយកន្លែង ហើយទឹកមុខអ្នកទាំងពីរហាក់មានអារម្មណ៍ល្អជាមួយគ្នាយ៉ាងខ្លាំង។
រូបភាពផ្អែមល្ហែមនេះ មិនត្រឹមតែស្រីស្អាត ភិន សុដាលីស នោះទេ ដែលបើកចំហដាក់មហាជន សូម្បីតែខាងប្រុសក៏បង្ហោះរូបស្និទ្ធស្នាលជាហូរហែផងដែរ។ លើសពីនេះ អ្នកទាំងពីរក៏ធ្លាប់លេចមុខចូលរួមក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផងដែរ។
សកម្មភាពល្អូកល្អិនរបស់ស្រីស្អាត សុដាលីស ទាំងនេះហើយ ទើបធ្វើឱ្យមហាជនកន្លងមក បានដាក់ការសង្ស័យថា កំលោះសង្ហារូបនេះអាចជាម្ចាស់ស្អំបេះដូងថ្មីរបស់នាង ដោយហេតុថា ក្រៅពីបញ្ចេញរូបកៀកកើយជាមួយគ្នា អ្នកទាំងពីរក៏ធ្លាប់វាចាតប.តគ្នាយ៉ាងផ្អែមល្ហែមទៀតផង នៅលើបណ្ដាញសង្គម៕
អត្ថបទដោយ៖ WIN WIN News Media