ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងសប្បុរសជន បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តការណ៍ ASEAN Mitsubishi Electric Cup™ 2024។ ដោយមើលពីការខិតខំប្រឹងប្រែង និងកម្រិតនៃការលេងរបស់ក្រុមជម្រើសជាតិកម្ពុជាប្រសើរជាងមុន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងសប្បុរសជន បានឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះបីជាមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ។ បន្ថែមពីនេះ ដោយបានពិនិត្យមើលនៅក្នុងការពង្រឹងក្រុមជម្រើសជាតិកម្ពុជានៅពេលអនាគត ក៏បានលើកឡើងនូវគោលបំណងដែលនឹងត្រូវអនុម័តក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅដើមឆ្នាំ ២០២៥ គឺការបែងចែកចំណូលពីការលក់សំបុត្រនៃការប្រកួតក្នុងទឹកដីទាំងអស់ បន្ទាប់ពីទូទាត់ចំនាយនៃការរៀបចំការប្រកួត និងបង់ពន្ធជូនរាជរដ្ឋាភិបាលរួច ទឹកប្រាក់សល់ពីនោះនឹងធ្វើការបែងចែកជា ៤ផ្នែកដូចខាងក្រោម៖
១. ចំណូល ២៥% ផ្ដល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា
២. ចំណូល ២៥% ផ្ដល់ជូនក្លិបបាល់ទាត់ដែលមានកីឡាករជាប់ជម្រើសជាតិក្នុងព្រឹត្តិការណ៍
៣. ចំណូល ២៥% សម្រាប់ការថែទាំសុខភាព និងសុខុមាលភាពរបស់កីឡាករ
៤. ចំណូល ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំនាយទៅលើការអភិវឌ្ឍបាល់ទាត់។
អត្ថបទដោយ៖ WIN WIN News Media